ព្រែកជីកហ្វូណន៖ ដំណោះស្រាយថ្លៃដឹកជញ្ជូនកម្ពុជា
ភ្នំពេញ៖ ថ្លៃដឹកជញ្ជូន និងថ្លៃដើមភស្តុភារកម្មខ្ពស់នៅកម្ពុជា កំពុងបន្តដាក់សម្ពាធលើអាជីវកម្មក្នុងស្រុក និងប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ។
យោងតាមការសិក្សារបស់ធនាគារពិភពលោក (World Bank) ថ្លៃដើមភស្តុភារកម្មរបស់កម្ពុជា មានប្រមាណ ២៦% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាអត្រាខ្ពស់បើប្រៀបធៀបនឹងប្រទេសជិតខាងមួយចំនួនក្នុងតំបន់អាស៊ាន។ ក្នុងនោះ ថ្លៃដឹកជញ្ជូនតែមួយមុខ បានគ្របដណ្តប់ចំណែកធំក្នុងថ្លៃដើមសរុប។
អ្នកជំនាញលើកឡើងថា ការពឹងផ្អែកខ្លាំងលើការដឹកជញ្ជូនតាមផ្លូវគោក គឺជាមូលហេតុសំខាន់មួយ។ បច្ចុប្បន្ន ការដឹកជញ្ជូនក្នុងស្រុកជាង ៩០% ត្រូវធ្វើឡើងតាមផ្លូវគោក ដែលងាយរងផលប៉ះពាល់ពីការកកស្ទះចរាចរណ៍ ការខូចខាតផ្លូវ និងគ្រោះធម្មជាតិ។លើសពីនេះ កម្ពុជានៅតែខ្វះខាតកំពង់ផែទឹកជ្រៅសម្រាប់ការដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យទំនិញជាច្រើនត្រូវឆ្លងកាត់កំពង់ផែនៃប្រទេសជិតខាង មុនពេលបន្តដំណើរទៅកាន់គោលដៅចុងក្រោយ។ស្ថានភាពនេះបានបង្កើនចំណាយដល់ក្រុមហ៊ុនផលិត និងអ្នកនាំចេញ ដែលជាចុងក្រោយត្រូវបញ្ចូលទៅក្នុងតម្លៃទំនិញ។ ជាលទ្ធផល អ្នកប្រើប្រាស់ត្រូវចំណាយប្រាក់កាន់តែច្រើន ខណៈផលិតផលខ្មែរក៏ជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលពីប្រទេសដទៃ។
![]() |
| ការដឹកទំនិញមានភាពស្មុកស្មាញនិងប្រឈមជាមួយបញ្ហាពន្ធគយច្រកអន្តរជាតិ |
ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញផែនការមេអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរយៈពេល ១០ ឆ្នាំ ព្រមទាំងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា គម្រោងព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ គម្រោងទាំងនេះត្រូវបានរំពឹងថានឹងជួយកាត់បន្ថយការពឹងផ្អែកលើផ្លូវគោក និងបន្ថយថ្លៃដឹកជញ្ជូនក្នុងរយៈពេលវែង។
អ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការធ្វើឌីជីថលកម្ម និងការអភិវឌ្ឍការដឹកជញ្ជូនពហុមធ្យោបាយ នឹងក្លាយជាកត្តាគន្លឹះក្នុងការបង្កើនប្រសិទ្ធភាពចង្វាក់ផ្គត់ផ្គង់ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

